ការដាក់ដំណើរការសេវាកម្មទូទាត់ប្រាក់ mVisa QR code នៅប្រទេសកម្ពុជា

06/09/2017

Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់ប្រាក់សកល បានប្រកាសថាខ្លួនកំពុងធ្វើការសហការជាមួយបណ្តាធនាគារក្នុងស្រុក និងពាណិជ្ជករនានា ដើម្បីបើកដំណើរការសេវាកម្មទូទាត់ប្រាក់ mVisa Quick Response (QR) code ទូរសព្ទដៃ ក្នុងគោលបំណងបង្កើនល្បឿនការផ្លាស់ប្តូរពីការទូទាត់សាច់ប្រាក់ ទៅជាការទូទាត់បែបអេឡិកត្រូនិកនៅប្រទេសកម្ពុជា។

សេវាកម្ម mVisa អនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ទូរសព្ទដៃរបស់ខ្លួន ដើម្បីធ្វើការទិញទំនិញដោយពុំចាំបាច់មានសាច់ប្រាក់ក្នុងដៃ បង់វិក័យបត្រ និងផ្ញើប្រាក់ទៅកាន់មិត្តភ័ក្តិ និងក្រុមគ្រួសារប្រកបដោយសុវត្ថិភាព តាមរយៈការភ្ជាប់ប័ណ្ណឥណពន្ធវីសា ប័ណ្ណឥណទាន ឬគណនីបង់ប្រាក់ជាមុន ជាមួយនឹងកម្មវិធី mVisa ។ វានឹងធ្វើការផ្លាស់ប្តូរគណនីមូលដ្ឋានជាទម្រង់ឌីជីថល និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចផ្ទេរប្រាក់ពីគណនីរបស់ខ្លួន ចូលទៅក្នុងគណនីអ្នកជំនួញ ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តតាមរយៈការស្កេនកូដ QR ។

ចំពោះអ្នកជំនួញ សេវាកម្ម mVisa អាចឱ្យពួកគេទទួលបានជម្រើសចំណាយទាប ក្នុងការទូទាត់បែបអេឡិចត្រូនិក ដោយប្រើសេវាកម្ម mVisa QR code និងទូរសព្ទដៃរបស់ពួកគេ។

លោក Sean Preston អ្នកគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា៖ «ជាមួយនឹងការកើនឡើងនៃទីផ្សារទូរស័ព្ទ និងចំណង់ចំណូលចិត្តជាមួយបច្ចេកវិទ្យាថ្មីៗ ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងទទួលយកបទពិសោធន៍សេវាកម្មទូទាត់សាច់ប្រាក់ mVisa ដែលផ្តល់នូវភាពឆាប់រហ័ស សុវត្ថិភាព និងងាយស្រួល។»

«តាមរយៈការប្រើប្រាស់ទូរសព្ទដៃ និងបច្ចេកវិជ្ជា QR code សេវាកម្ម mVisa ជួយបំពេញបន្ថែមមុខងារពីលើម៉ាស៊ីនឆូតប័ណ្ណ តាមរយៈការផ្តល់នូវប្រសិទ្ធភាពក្នុងការចំណាយសម្រាប់អាជីវកម្ម ដែលបានទទួលយកសេវាកម្មទូទាត់សាច់ប្រាក់បែបអេឡិចត្រូនិក និងសម្រាប់អតិថិជនធ្វើការបង់ប្រាក់តាមបែបអេឡិចត្រូនិក ជាជាងការប្រើប្រាស់សាច់ប្រាក់យកមកទូទាត់។ ដោយសារតែបែបនេះហើយ ទើបយើងមើលឃើញឱកាសយ៉ាងសំខាន់មួយ សម្រាប់ឱ្យសេវាកម្ម mVisa ជួយបង្កើនការប្រើប្រាស់សេវាកម្មទូទាត់សាច់ប្រាក់អេឡិចត្រូនិក នៅទូទាំងប្រទេស ជាពិសេសជាមួយពាណិជ្ជកម្មតូចៗ និងនៅតាមតំបន់ដាច់ស្រយាល។»

ប្រតិបតិ្តការសេវាកម្ម mVisa ទាំងអស់ត្រូវបានដំណើរការតាមរយៈបណ្តាញជាសកល VisaNet ការអនុវត្តមាត្រដ្ឋាន ប្រកបដោយសុវត្ថិភាព និងភាពជឿទុកចិត្ដនៃការទូទាត់តាម Visa ទៅកាន់ការទូទាត់តាមលេខកូដ QR ។

លោក Preston បានបន្ថែមថា ៖ «យើងខ្ញុំពិតជារំភើបដោយបានពាំនាំអ្វីដែលថ្មីជាមួយនឹងដំណោះស្រាយនៃការទូទាត់មួយប្រកបដោយភាពច្នៃប្រឌិតដូចជា mVisa មកកាន់ប្រទេសកម្ពុជា។ យើងខ្ញុំប្តេជ្ញាចិត្តក្នុងការសហការជាមួយរដ្ឋាភិបាល អតិថិជនទាំងអស់របស់ពួកយើង និងអ្នកជំនួញដែលសហការជាមួយយើង ដើម្បីពង្រីកការទូទាត់អេឡិចត្រូនិកនៅទូទាំងប្រទេស។»

សេវាកម្ម mVisa នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជាក្នុងត្រីមាសទីបីនៃឆ្នាំ 2017។ សូមធ្វើការទំនាក់ទំនងជាមួយនឹងធនាគារក្នុងស្រុករបស់លោកអ្នក សម្រាប់ព័ត៌មានបន្ថែម។

 

អំពី Visa Inc.

Visa គឺជាក្រុមហ៊ុនបច្ចេកវិជ្ជាទូទាត់អន្តរជាតិ ដែលបានតភ្ជាប់អតិថិជន អាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ និងរដ្ឋាភិបាលនៅក្នុងប្រទេស និងដែនដីជាង 200 កន្លែង ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលមានល្បឿនលឿន សុវត្ថិភាព និងអាចទុកចិត្តបាន។ យើងបានធ្វើប្រតិបត្តិការដំណើរការបណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet ដែលមានលទ្ធភាពគ្រប់គ្រងសារប្រតិបត្តិជាង 65.000 សារ ក្នុងមួយវិនាទី ដោយមានការការពារការក្លែងបន្លំសម្រាប់អ្នកប្រើប្រាស់ និងធានាការទូទាត់ប្រាក់ចំពោះឈ្មួញ។ ក្រុមហ៊ុន Visa មិនមែនជាធនាគារទេ ហើយពុំមានចេញប័ណ្ណ ប័ណ្ណឥណទានពង្រីក ឬកំណត់អត្រា និងថ្លៃឈ្នួលសម្រាប់អតិថិជនឡើយ។ ក៏ប៉ុន្តែការបង្កើតថ្មីរបស់ក្រុមហ៊ុន Visa អាចជួយអតិថិជនរបស់ខ្លួន ដែលជាស្ថាប័នហិរញ្ញវត្ថុឱ្យផ្តល់ជម្រើសដល់អតិថិជនរបស់ខ្លួនកាន់តែច្រើនថែមទៀតដូចជា ៖ បង់ប្រាក់ឥឡូវនេះដោយប្រើប័ណ្ណ ឥណពន្ធ ទូទាត់ប្រាក់ជាមុន ឬនៅពេលក្រោយជាមួយប័ណ្ណឥណទាន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.visa.com ។