សុវត្ថិភាពក្នុងការទូទាត់គឺជាដ៏គន្លឹះសំខាន់ ខណៈពេលអាស៊ីប៉ាស៊ីហ្វិកចាប់ផ្តើមដាក់ដំណើរការឡើងវិញនូវពាណិជ្ជកម្មឌីជីថល នៅក្រោយជំងឺរាតត្បាតចប់

05/28/2021

ភាពច្នៃប្រឌិតដែលដើរតាមតម្រូវការ និងឥរិយាបថរបស់អ្នកប្រើប្រាស់ គឺជាប្រធានបទអាទិភាពនៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំកំពូលថ្នាក់តំបន់របស់យើង

 

Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសុវត្ថិភាពនៃការទូទាត់ ស្របពេលដែលឥរិយាបថអ្នកប្រើប្រាស់មានការផ្លាស់ប្តូរក្នុងកំឡុងពេលមានការរាតត្បាតនៃជំងឺកូវីត។ ថ្លែងទៅកាន់ដៃគូពាណិជ្ជកម្ម និងអតិថិជនជាង ១៥០០ នាក់ នៅក្នុងកិច្ចប្រជុំកំពូលដែលបានរៀបចំឡើង​តាមរយៈប្រព័ន្ធអនឡាញលើប្រធានបទស្តីពី “សុវត្ថិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក” ដែលជាការរៀបចំឡើងជាលើកដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុន Visa បានសង្កត់ធ្ងន់ពីភាពចាំបាច់ទៅលើបទពិសោធន៍នៃការទូទាត់ដ៏រឹងមាំនៅក្នុងបរិយាកាសពាណិជ្ជកម្មដែលមានការផ្លាស់ប្តូរ។

ជាមួយនឹងការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់នេះ Visa បានកត់សម្គាល់ឃើញនូវនិន្នាការចំនួនបី ដែលកើតមានជាទូទៅនៅអាស៊ីប៉ាស៊ីហ្វិក - ទីមួយ៖ ការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless បានក្លាយជាជម្រើសអាទិភាព សម្រាប់សុខភាព និងសុវត្ថិភាព ទីពីរ៖ បទពិសោធន៍នៃការទិញទំនិញអេឡិចត្រូនិច (eCommerce) តាមតំរូវការ បានជំរុញឲ្យអ្នកប្រើប្រាស់មានការរំពឹងទុកកាន់តែខ្ពស់ទៅលើគុណភាព និងល្បឿនសេវាកម្ម និង     ទី៣៖ បន្ទាត់ដែលខណ្ឌចែករវាងពាណិជ្ជកម្មអេឡិចត្រូនិច និងការទិញដោយផ្ទាល់ ហាក់ដូចជានៅមានភាពមិនច្បាស់លាស់។ ហើយជាលទ្ធផល ធ្វើឲ្យការក្លែងបន្លំ ក៏បានផ្លាស់ប្តូររូបភាពពីលក្ខណៈបែបប្រពៃណី ទៅក្នុងរូបភាពបែបពាណិជ្ជកម្មឌីជីថលផងដែរ ដូច្នេះហើយ Visa ក៏កំពុងជំរុញឱ្យឧស្សាហកម្មមួយនេះចាត់វិធានការសកម្មផ្សេងៗដើម្បីដោះស្រាយនូវបញ្ហាទាំងនេះ។

លោក Joe Cunningham ដែលជានាយកគ្រប់គ្រងហានិភ័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖« ជំងឺរាតត្បាតកូវីតបានជួយពន្លឿនការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ពាណិជ្ជកម្ម និងជារួមគឺការទូទាត់តាមរយៈឌីជីថល។ យើងជឿជាក់ថា គំរូនៃរបត់ផ្លាស់ប្តូរទាំងនេះគឺនឹងបន្តនៅទីនេះជានិរន្តន៍ ហើយអតិថិជនជាច្រើនដែលជាអ្នកប្រើប្រាស់សេវាកម្មឌីជីថលជាលើកដំបូង នឹងត្រូវសម្រេចចិត្តថាតើត្រូវទិញនៅកន្លែងណា បើផ្អែកទៅលើថាតើពួកគាត់អាចទុកចិត្តអ្នកលក់ ឬអត់។ នៅពេលដែលការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលក្លាយជាប្រភពចម្បងក្នុងការទិញទំនិញ សុវត្ថិភាពនៃការទូទាត់ប្រាក់ គឺជាកត្តាជំរុញបឋមក្នុងការបង្កើតទំនុកចិត្ត ដូច្នេះហើយ វិស័យនេះត្រូវតែផ្តល់ជូនអតិថិជននូវការរំពឹងទុកមួយ​សម្រាប់បទពិសោធន៍នៃការទូទាត់ប្រាក់ដែលប្រកបដោយ សុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស​»

និន្នាការពាណិជ្ជកម្មដែលកើតមានបណ្តាលមកពីជំងឺរាតត្បាត បានចង្អុលនូវមធ្យោបាយថ្មីទាក់ទងនឹងរបៀបដែលអតិថិជនទិញទំនិញ និង ការធ្វើប្រតិបត្តិការ។

  • ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless - នៅពេលអតិថិជនផ្តល់អាទិភាពទៅលើសុខភាព និងសុវត្ថិភាព ការយកចិត្តទុកដាក់ និងផ្តោតលើការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless និង ហេដ្ឋារចនាសម្ព័ន្ធទូទាត់ «ប៉ះដើម្បីបង់ប្រាក់»។ នៅអាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមប្រតិបត្តិការទល់មុខគ្នាពីររបស់​ Visa មានមួយដែលប្រើប្រាស់ការទូទាត់តាមរយៈបច្ចេកវិទ្យា contactless1 ។ Visa រំពឹងថា ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless នឹងជំនួសការចាយសាច់ប្រាក់សុទ្ធ ហើយនឹងក្លាយជាវិធីសាស្ត្រទូទាត់ដែលជាទីពេញចិត្តសម្រាប់ម្ចាស់អាជីវកម្ម និងអតិថិជន។
  • បទពិសោធន៍នៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចតាមតម្រូវការ - អ្នកទិញឥវ៉ាន់រំពឹងថា ផលិតផល និងសេវាកម្ម នឹងអាចរកបាននៅពេលពួកគេមានតម្រូវការ និងនៅទីតាំងដែលពួកគេចង់បាន។ កត្តានេះនឹងតម្រូវឱ្យបទពិសោធន៍ក្នុងការទិញ និងទូទាត់ ត្រូវតែរហ័ស រលូន និងងាយស្រួលជាងមុន ។
  • ភាពមិនច្បាស់នៃខ្សែបន្ទាត់ដែលខណ្ឌរវាងពាណិជ្ជកម្មអេឡិចត្រូនិច និងការទិញលក្ខណៈរូបវ័ន្ត ៖ តាមរយៈការបង្ហាញនៅក្នុងទិន្នន័យ​របស់ Visa ដែលមិនរាប់បញ្ចូលការធ្វើដំណើរក្រៅប្រទេស ការទូទាត់របស់ពាណិជ្ជកម្មអេឡិចត្រូនិចសកលបានកើនឡើងជាង ២០ ភាគរយ នៅក្នុងត្រីមាស2 ចុងក្រោយ បើធៀបនឹងឆ្នាំមុន      ខណៈពេលដែលទំហំនៃការទូទាត់តាមអេឡិចត្រូនិចមានកំណើនជាមធ្យមយ៉ាងតិច ៣០% នៅក្នុងប្រទេសឥណ្ឌា និងសិង្ហបុរី  ក្នុងរយៈពេលបីត្រីមាស3 ចុងក្រោយ។ ការកើនឡើងនេះទំនងជានៅតែបន្តនៅពេលដែលកំណើនអេឡិចត្រូនិចនៅតែមានកំណើនយ៉ាងរឹងមាំ បើទោះជាអតិថិជនមួយចំនួនបានចាប់ផ្តើមត្រឡប់ទៅទិញទំនិញនៅតាមបណ្តាហាងវិញក៏ដោយ។

ទាក់ទងនឹងហានិភ័យនៃការក្លែងបន្លំ Visa ក៏បាននាំមកនូវដំណោះស្រាយផ្សេងៗដែលធានាថានឹងមិនធ្វើឲ្យបាត់បង់តុល្យភាពរវាងសុវត្ថិភាពនៃការទូទាត់ និងភាពងាយស្រួលរបស់អតិថិជន។ នោះគឺ បច្ចេកវិទ្យា Visa Secure ដែលប្រើស្តង់ដារចុងក្រោយនៃ សុវត្ថិភាព EMV® 3-D បន្ថែមនូវស្រទាប់ការពារពីការក្លែងបន្លំ ដូច្នេះស្ថាប័នហិរញ្ញវត្ថុ និងអ្នកលក់ អាចជឿជាក់ថាប្រតិបត្តិការពិតជាត្រឹមត្រូវ។ ដំណោះស្រាយនេះក៏មានសក្តានុពលក្នុងការកាត់បន្ថយការបាត់បង់ការលក់សម្រាប់ពាណិជ្ជករ ដោយសារតែការទូទាត់ប្រាក់មានការធ្លាក់ចុះ និងធ្វើអោយប្រសើរឡើងនូវបទពិសោធន៍ទិញទំនិញរបស់អតិថិជនទូទៅ។

សេវាកម្មនិមិត្តសញ្ញា Visa (VTS) មានតួនាទីបង្វែរទិន្នន័យទូទាត់ប្រាក់ងាយដែលរងគ្រោះដូចជា លេខកាត និងព័ត៌មានលម្អិតរបស់គណនីទៅជានិមិត្តសញ្ញា ដូច្នេះហើយធ្វើឱ្យតម្លៃទិន្នន័យធ្លាក់ចុះ និងធ្វើឱ្យវាគ្មានប្រយោជន៍សម្រាប់អ្នកលួចបន្លំ ទោះបីវាត្រូវ​បាន​គេលួចក៏ដោយ។ យោងតាមទិន្នន័យរបស់ទីផ្សារសហរដ្ឋអាមេរិកបង្ហាញថា និមិត្តសញ្ញា (token) អាចជួយកាត់បន្ថយការក្លែងបន្លំបានជាមធ្យម4 ២៦ ភាគរយ ប្រៀបធៀបទៅនឹងប្រតិបត្តិការកាត តាមរយៈអ៊ីនធើណេតដែលអតិថិជនបញ្ចូលព័ត៌មានលម្អិតកាតរបស់ពួកគេសម្រាប់ការទូទាត់។ ជាមួយ VTS ក្រុមហ៊ុន Visa បានចំណាយពេលជាង ៥ ឆ្នាំ ដើម្បីចេញនិមិត្តសញ្ញាចំនួន ១,៤ ពាន់លាន នៅទូទាំងពិភពលោក តែឥឡូវនេះ វាបានកើនឡើងលើសពី ២ ពាន់លាន និមិត្តសញ្ញា ក្នុងរយៈពេលតែ ១០ខែ5 ប៉ុណ្ណោះ។ ឥឡូវនេះ VTS គឺជាផ្នែកមួយនៃវេទិកាសុវត្ថិភាពនៃការទូទាត់ធំបំផុតនៅលើទីផ្សារ ដែលផ្តល់ការការពារទិន្នន័យ ខណៈជួយកាត់បន្ថយការបំពេញបែបបទដែលមិនចាំបាច់សម្រាប់អ្នកប្រើប្រាស់ ។

ជាមួយការសង្កត់ធ្ងន់ទៅលើការកើនឡើងកាន់តែទូលំទូលាយនៃតម្រូវការ​ ក្នុងការចាប់យកដំណោះស្រាយសុវត្ថិភាពនៃការទូទាត់ដែលស្របតាមស្តង់ដារក្នុងវិស័យនេះ លោក Joe Cunningham ក៏បានបន្ថែមទៀតថា៖« អ្នកក្លែងបន្លំមួយចំនួន បានវិវត្តវិធីសាស្រ្តក្នុងការបន្លំរបស់ពួកគេ បានលឿនជាងអ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មភាគច្រើនអាចរៀបចំខ្លួនទៅទៀត។ ដូច្នេះហើយ ដើម្បីត្រៀមខ្លួនជាស្រេចមុនពេលមានករណីការបោកបន្លំ វាជាការចាំបាច់ដែលត្រូវធានាថាប្រព័ន្ធទូទាត់បែបអេកូឡូស៊ី មានហេដ្ឋារចនាសម្ព័ន្ធបំពាក់ស្រាប់ជាមួយនឹងដំណោះស្រាយគ្រប់គ្រងការក្លែងបន្លំដែលប្រសើរ និងគួរឱ្យទុកចិត្តបាន។ នៅក្នុងពិភពឌីជីថលដែលមានការរីកធំកាន់តែខ្លាំងឡើង ការទូទាត់ប្រកបដោយសុវត្ថិភាព គឺមានសារៈសំខាន់ណាស់សម្រាប់ការកសាងទំនុកចិត្តរបស់អតិថិជន ហើយវាត្រូវតែជាមូលដ្ឋានគ្រឹះនៃអាជីវកម្ម និងពាណិជ្ជកម្មនាពេលបច្ចុប្បន្ន និងអនាគត»

កិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ទាក់ទងនឹងសុវត្ថិភាពនៃការទូទាត់ របស់ក្រុមហ៊ុន Visa នៅឆ្នាំ ២០២១ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងតំបន់ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២១ ហើយមានការចូលរួមពីអ្នកជំនាញខាងបង្កាហានិភ័យឈានមុខគេ ដើម្បីមកចែករំលែកការរៀនសូត្រ និងការអនុវត្តន៍ល្អៗ ស្តីពីសុវត្ថិភាពនៃការច្នៃប្រឌិតលើវិធីសាស្ត្រទូទាត់ ។

កិច្ចប្រជុំថ្នាក់តំបន់នេះ ក៏បានលើកឡើងពីការផ្លាស់ប្តូរសំខាន់ៗមួយចំនួន ដែលយើងបានជួបដោយផ្ទាល់តាំងពីឆ្នាំមុន ជាពិសេសលើឥរិយាបទរបស់អតិថិជន និងការត្រៀមខ្លួនរបស់សហគ្រាស ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរទាំងនេះ។ វាផ្តោតលើហានិភ័យដែលកើតឡើងពីទិដ្ឋភាពពាណិជ្ជកម្មថ្មី និង វិធានការណ៍ដែលអ្នកពាក់ព័ន្ធត្រូវធ្វើ ដើម្បីការពារអាជីវកម្ម និង អ្នកប្រើប្រាស់របស់ពួកគេ ៕

 

 

1 As of Feb 2021

2 Source: Jan – Mar 2021, as reported in Visa’s Q2 2021 quarterly earnings

3 Source: Jul 2020 – Mar 2021, as reported in Visa’s Q2 2021 quarterly earnings

4 Visa Token Service to Add 28 New Partners to Strengthen Digital Payment Security Globally

5 Why we celebrate tokens: https://www.linkedin.com/pulse/why-we-celebrate-tokens-jack-forestell/?trk=public_profile_article_vie

 

អំពីក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.