ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីកំណើននៃចំណាប់អារម្មណ៍លើជំរើសទូទាត់ដោយប្រើប្រាស់កាត នៅក្នុងចំណោមប្រជាជនកម្ពុជា

07/27/2023

តាមរយៈការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន បានបង្ហាញពីសន្ទុះកំណើនការចាប់អារម្មណ៍ និងការប្រើប្រាស់ញ៉ឹកញាប់ លើការទូទាត់តាម កាតដែលមានផ្ទុកបច្ចេកវិទ្យា contactless របស់ប្រជាជនកម្ពុជា

 

ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ នៅក្នុង​ពិភពលោក ​បាន​ចេញផ្សាយការសិក្សា ចុងក្រោយ​របស់​ខ្លួន ដែលបានបង្ហាញពីអ្នកប្រើប្រាស់កម្ពុជាមានភាពស៊ាំ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ទម្រង់ថ្មីសម្រាប់ការទូទាត់តាមរយៈការប្រើប្រាស់ កាតឥណទាន/ឥណពន្ធ ដែលជាច្រកផ្លូវដ៏សំខាន់ក្នុងការធ្វើ      បរិយាបន្នហិរញ្ញវត្ថុឆ្ពោះទៅរកសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
តាមរយៈការសិក្សានេះក៏បានបញ្ជាក់ផងដែរថា ប្រជាជនកម្ពុជាទទួលយកទម្រង់ថ្មីនៃការទូទាត់ ដោយការប្រើប្រាស់កាតឥណទាន/ឥណពន្ធ កំពុងមានប្រជាប្រិយភាព ក្នុងនោះ​ ប្រមាណ ៣៥ភាគរយ នៃអ្នកចូលរួមស្ទង់មតិ​ បាននិយាយថាពួកគេកំពុងប្រើប្រាស់ទម្រង់ទូទាត់មួយនេះ។ ចំណាប់អារម្មណ៍ជាពិសេសលើប្រភេទកាតដែលមានផ្ទុកបច្ចេកវិទ្យា contactless ក៏កំពុងមានការកើនឡើងផងដែរ (ប្រមាណជា ៥៨ ភាគរយ ធៀបនឹងឆ្នាំ ២០២១ ដែលមានត្រឹម ៤២ភាគរយ ប៉ុណ្ណោះ) ​ ខណៈដែលអ្នកឆ្លើយតបការស្ទង់មតិ ៩ ភាគរយ បាននិយាយថាបច្ចុប្បន្នពួកគេកំពុងតែប្រើប្រាស់កាត ដែលមានផ្ទុកបច្ចេកវិទ្យាcontactless សម្រាប់ការទូទាត់។

តាមរយៈការសិក្សាដដែលនេះ បានបង្ហាញថា អតិថិជនដែលជាម្ចាស់កាត  បានធ្វើការទូទាត់តាមរយៈ​ កាតឥណទាន/ឥណពន្ធ ញ៉ឹកញាប់ជាងមុន ។ ប្រមាណជា ៧៨ ភាគរយ​ នៃម្ចាស់កាតដែលមានផ្ទុកបច្ចេកវិទ្យា contactlessបាននិយាយថា ពួកគេប្រើវាយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ដែលតួលេខនេះ គឺមានការកើនឡើង បើធៀបទៅនឹងឆ្នាំ ២០២០ ដែលមានប្រមាណជា ៣៧ ភាគរយ ប៉ុណ្ណោះ ខណៈដែលការប្រើកាតឆូត/បញ្ចូល ក្នុងម៉ាស៊ីនបញ្ឈរបង់ប្រាក់ (មានការកើនឡើង ពី ៣៦ ភាគរយ ក្នុងឆ្នាំ ២០២០ មក ៥២ ភាគរយ) ហើយតាមរយៈការបញ្ជាទិញតាមអនឡាញ (មានប្រមាណ​ ៧៧ ភាគរយ​ កើនឡើងពី ៤៣ ភាគរយ នៅក្នុងឆ្នាំ ២០២០)។  តែបើយោងពិនិត្យទៅមើលការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិ ដែលកាន់ទាំង កាតឥណទាន ឬកាតឥណពន្ធ និង ប្រើប្រាស់កាបូបអេឡិចត្រូនិកវិញ យើងឃើញថាចំនួន ៦៣ ភាគរយ បានឆ្លើយថាពួកគាត់ចូលចិត្តប្រើប្រាស់កាតជាង ដោយសារមូលហេតុចម្បង គឺការពេញចិត្តទៅនឹងភាពងាយស្រួលរបស់កាត ភាពរហ័ស និងភាពងាយស្រួលក្នុងការយកតាមខ្លួន។

ជារឿយៗការទូទាត់តាមរយៈឌីជីថល គឺជាមធ្យោបាយហិរញ្ញវត្ថុផ្លូវការដំបូងគេ ដែលបុគ្គលគ្រប់រូបប្រើប្រាស់ ហើយវាបានដើរតួជាមាគ៌ាដែលនាំទៅរកការធ្វើបរិយាបន្នហិរញ្ញវត្ថុ។ មនុស្សពេញវ័យប្រហែលជាពាក់កណ្តាលនៃពិភពលោក ដែលរស់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើការទូទាត់ជាសាច់ប្រាក់សុទ្ធ ហើយពួកគេប្រឈមមុខជាមួយនឹងឧបសគ្គដែលនាំឲ្យមានគ្រោះថ្នាក់ ទាំងតម្លៃថ្លៃ នឹងគ្មានប្រសិទ្ធភាព2 ។ ការធ្វើ     បរិយាបន្នហិរញ្ញវត្ថុ ជួយតម្រង់ផ្លូវអ្នកទាំងនោះឱ្យដើរចេញពីភាពក្រីក្រ បង្កើតបាននូវប្រជាពលរដ្ឋដែលមានផលិតភាព ផ្តល់សិទ្ធិអំណាចពេញលេញ ជំរុញឱកាសអាជីវកម្ម និងកំណើនសេដ្ឋកិច្ច។
កាតឥណទាន អាចនឹងផ្តល់គុណតម្លៃដែលប្រសើរជាងគេចំពោះអតិថិជន សម្រាប់ភាពបត់បែននៃការសងត្រឡប់ ការកសាងប្រវត្តិឥណទានវិជ្ជមាន និងតម្លាភាពឌីជីថល3។ នៅពេលដែលតម្រូវការរបស់អ្នកប្រើប្រាស់ មានការកើនឡើងក្នុងការស្វែងរកភាពងាយស្រួល និងសុវត្ថិភាពនៃការទូទាត់តាមរយៈឌីជីថល អាជីវកម្មណាដែលអាចផ្តល់ជម្រើសទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ និងទទួលបាននូវអតិថិជនដែលមានស្វាមីភក្តិដ៏ច្រើនផងដែរ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីរំភើបណាស់ដែលបានឃើញប្រជាជនកម្ពុជាទទួលយកការទូទាត់តាមរយៈប្រព័ន្ធឌីជីថល ដោយសារការទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការនេះ គឺជាគន្លឹះក្នុងការជំរុញឲ្យមានបរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។ អ្នកស្រីបន្តទៀតថា៖ “ការដោះសោទម្រង់ឥណទានទំនើបនៅក្នុងទិដ្ឋភាពឥណទានឌីជីថលដែលកំពុងមានការវិវឌ្ឍ កាត់បន្ថយនូវឧបសគ្គក្នុងការចូលប្រើប្រាស់សេវាហិរញ្ញវត្ថុ នឹងដឹកនាំប្រជាជនកម្ពុជាកាន់តែច្រើន ឲ្យចូលទៅក្នុងវិស័យហិរញ្ញវត្ថុផ្លូវការ តាមរយៈការលើកទឹកចិត្តឲ្យមានប្រតិបត្តិការទូទាត់ប្រកបដោយសុវត្ថិភាព និងទទួលខុសត្រូវ។

រួមជាមួយប្រភេទកាតឥណទាន គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ផ្តល់ឱ្យធនាគារនូវឧបករណ៍មួយ ដើម្បីគាំទ្រអតិថិជនដែលប្រឈមមុខនឹងការលំបាក តាមរយៈការផ្តល់នូវហិរញ្ញប្បទានរយៈពេលខ្លី ដែលអនុញ្ញាតឱ្យអតិថិជនផ្លាស់ប្តូរទៅរកទម្រង់ឥណទាន ផ្សេងមួយទៀត ជួយកសាងនូវប្រវត្តិឥណទាន និងស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ។ នៅក្នុងប្រទេស/តំបន់ ផ្សេងទៀត ធនាគារជាច្រើនបានប្រើប្រាស់ គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ដោយជោគជ័យ សម្រាប់ការផ្តល់ឥណទាន និងការធ្វើបរិយាបន្នឥណទាន។

ប្រជាជនកម្ពុជាបាននិយាយថា ពួកគេប្រើប្រាស់គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ភាគច្រើននៅក្នុងហាងទំនើប (មានប្រមាណជា ៥៨ ភាគរយ) ឬនៅតាមគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក e-Commerce(ប្រមាណជា ៥២ភាគរយ) ប្រមាណជា ៥៣ ភាគរយ សម្រេចចិត្តប្រើ គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL)  ក្នុងអំឡុងពេលដើរទិញឥវ៉ាន់ និង ៤៦ភាគរយ មុនពេលទូទាត់  ហើយប្រមាណជា ៤០ភាគរយ មុនពេលពួកគាត់ទិញទំនិញ ដែលចំនួនជាមធ្យមនៃគម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL)  ត្រូវបានប្រើប្រាស់ដោយអ្នកឆ្លើយតបតាមរយៈការស្ទង់មតិក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺមានលេខរៀងខ្ពស់ប្រមាណជា ៦.​ ហើយភាគច្រើននៃអ្នកប្រើប្រាស់គម្រោងនេះ ស្ថិតនៅក្នុងប្រភេទសេវាកម្មដូចជា ការធ្វើដំណើរ ការត្រួតពិនិត្យសុខភាព និងសម្រស់ និងការទិញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម។

ក្រុមហ៊ុន Visaតែងតែស្វះស្វែងរកមធ្យោបាយដើម្បីលើកកម្ពស់ការប្រើប្រាស់ការទូទាត់តាមរយៈប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ រួមជាមួយនឹងការផ្តល់ជូនបទពិសោធន៍ដល់អតិថិជនប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ ជាសក្ខីភាព រយៈពេលថ្មីៗមកនេះ ក្រុមហ៊ុន Visaបានសហការជាមួយក្រុមហ៊ុន Cellcardរបស់កម្ពុជា និង MyCLNQរបស់សិង្ហបុរី ដើម្បីដាក់ដំណើរការសេវា E-Heathរបស់ Cellcardដែលផ្តល់នូវការថែទាំសុខភាពប្រកបដោយគុណភាព តាមរយៈការប្រើប្រាស់សេវាកម្មតាមកម្មវិធីទូរស័ព្ទដៃ។ សេវា E-Healthត្រូវបានរួមបញ្ចូលជាមួយស៊ីមទេសចរណ៍របស់ Cellcardហើយអ្នកទេសចរដែលមកកម្សាន្តនៅកម្ពុជាអាចសន្សំបាន ១០ភាគរយ លើសេវាកម្ម និងវិក្កយបត្រវេជ្ជសាស្រ្ត ដោយការទិញសេវាកម្មនេះជាមួយនឹង Visa កាត របស់ពួកគេ។

អ្នកស្រី Tranchini បានបន្ថែមទៀតថា៖ “យើងសូមអបអរសាទរដល់រដ្ឋាភិបាល និងអង្គការនានា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសាធារណៈ ដើម្បីឱ្យប្រជាជនកម្ពុជាអាចកសាងនូវចំណេះដឹង នឹងទំនុកចិត្តរបស់ពួកគេនៅក្នុង         វិស័យហិរញ្ញវត្ថុ។ ភាពច្នៃប្រឌិតផ្នែកឌីជីថលនៅក្នុងទិដ្ឋភាពឥណទាន បានបង្ហាញពីឱកាសដ៏គួរឱ្យរំភើបសម្រាប់ការធ្វើបរិយាបន្នហិរញ្ញវត្ថុ និងដំណើរវឌ្ឍនភាពឆ្ពោះទៅរកប្រព័ន្ធអេកូឡូស៊ីដែលមានតម្លាភាព និងនិរន្តរភាពជាងមុន"។

 

 

1ការសិក្សាស្តីពីឥរិយាបថទូទាត់ប្រាក់របស់អ្នកប្រើប្រាស់ Visa កាត  ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន CLEAR ប្រព្រឹត្តទៅចាប់ពីខែកញ្ញា រហូតដល់ខែតុលា ឆ្នាំ ២០២២ នឹងបានធ្វើការស្ទង់មតិក្នុងចំណោមអ្នកប្រើប្រាស់ ៦៥៥០នាក់ នៅក្នុងប្រទេសសិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និង កម្ពុជា។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមរយៈអនឡាញ ជាមួយអ្នកប្រើប្រាស់កម្ពុជា ចំនួន ៥០០នាក់ រួមមានទាំងអ្នកធ្វើការពេញម៉ោង ក្រៅម៉ោង និងប្រជាជនទូទៅ ចម្រុះទាំង អាយុរ និង ភេទ ដើម្បីកំណត់យកតំណាងនៃរបាយការណ៍ទំាងមូល។

2 រឿងប្រាំយ៉ាងដែលត្រូវដឹង អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ, https://www.imf.org/en/News/Articles/2021/07/28/na-072821-five-things-to-know-about-the-informal-economy.

3 ឯកសាររបស់ក្រុមហ៊ុន Visa នវានុវត្តន៍ឌីជីថលស្តីពីទិដ្ឋភាពឥណទានដែលកំពុងមានការវិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា https://www.visa.com.kh/dam/VCOM/regional/ap/cambodia/newsroom/research-reports/digital-innovation-in-cambodias-evolving-credit-landscape-visa-whitepaper-2023.pdf.

 

អំពីក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕