សេចក្ដីប្រកាសព័ត៌មាន ស្តីពី ការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិវីសា

01/22/2025

 

នាថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិវីសា នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។ ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយស ដែលជាតំណាងមកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនសរុបប្រមាណ ៣០០នាក់។

គោលបំណងនៃការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិវីសា គឺដើម្បីរួមចំណែកពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធទូទាត់ជាឌីជីថលនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ភ្ញៀវទេសចរអន្តរជាតិនឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យពីប្រតិបត្តិការទូទាត់តាមបែបឌីជីថល បន្ទាប់ពីទាញយកកម្មវិធីទូទាត់បាគងទេសចរ ហើយចុះឈ្មោះប្រើប្រាស់ក្នុងទូរស័ព្ទដៃ បន្ទាប់មកភ្ជាប់ជាមួយប័ណ្ណទូទាត់វីសា ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។ ការភ្ជាប់កម្មវិធីទូទាត់បាគងទេសចរជាមួយមុខងារ VISA card connection នឹងផ្តល់ជាមធ្យោបាយដាក់ប្រាក់មួយបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរអន្តរជាតិ អាចបញ្ចូលទឹកប្រាក់ ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្ម តាមបែបឌីជីថលបានកាន់តែងាយស្រួល មានសុវត្ថិភាព និងប្រកបដោយនវានុវត្តន៍។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសចរអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់តាមរយៈការស្កេនខេអេចឃ្យូអរកូតជាមួយអាជីវករប្រមា ៤,៥ លានកន្លែង ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ អាចសម្រេចទៅបានដោយមានការចូលរួមធ្វើសន្ធានកម្មពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)។

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា បានលើកឡើងថា៖ “តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្មវិធីទូទាត់បាគងទេសចររបស់ធនាគារជាតិនៃកម្ពុជា និងប័ណ្ណទូទាត់វីសា ភ្ញៀវទេសចរអន្តរជាតិដែលមានប័ណ្ណទូទាត់វីសាអាចធ្វើប្រតិបត្តិការទូទាត់យ៉ាងងាយស្រួលនៅទូទាំងប្រទេសកម្ពុជា ដោយគ្រាន់តែប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរ ដើម្បីស្តេនទូទាត់តាមរយៈខេអេចឃ្យូអរកូត។ នេះគឺជាជម្រើសថ្មីមួយដែលត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុ ដោយមិនចាំបាច់ប្រើក្រដាសប្រាក់ ជាពិសេសក្រដាសប្រាក់ចាស់ ទក់ រហែក និងដើម្បីលើកតម្កើងការប្រើប្រាស់រូបិយវត្ថុជាតិយើង គឺប្រាក់រៀល ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរ”។

លោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិវីសា បានមានប្រសាសន៍ថា៖"នេះគឺជាសមិទ្ធផលសំខាន់មួយរវាងធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិវីសា ហើយខ្ញុំរំពឹងទុកថានឹងមានសមិទ្ធផលជាច្រើនបន្តទៀតស្របពេលដែលយើងកំពុងជំរុញការទូទាត់ជាឌីជីថលនៅកម្ពុជា។ កាលពីឆ្នាំមុន ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិវីសា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងទេសចរណ៍ ដើម្បីគាំទ្រដល់កំណើនភ្ញៀវទេសចរ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិវីសា ក្នុងការរួមចំណែកពង្រឹងចំណេះដឹងឌីជីថល និងជំរុញបរិយាបន្នហិរញ្ញវត្ថុដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា។ ក្រុមហ៊ុនបណ្តាញ    ប័ណ្ណទូទាត់អន្តរជាតិវីសា មានសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ តាមរយៈការដាក់ឱ្យដំណើរការនេះ”។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “ធនាគារជាតិនៃកម្ពុជា យល់ច្បាស់ពីសារៈសំខាន់នៃការអភិវឌ្ឍទៅមុខឥតឈប់ឈរនៅក្នុងទិដ្ឋភាពនៃការវិវត្តរបស់សង្គមបច្ចុប្បន្ន។ ហេតុនេះហើយ ធនាគារជាតិនៃកម្ពុជា ប្តេជ្ញាក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដោយផ្តោតសំខាន់លើការធ្វើអន្តរប្រតិបត្តិការ និងសុវត្ថិភាព ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ធុរជន និងភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការធ្វើសមាហរណកម្មជាមួយនឹងប័ណ្ណទូទាត់វីសា អ្នកប្រើប្រាស់អាចភ្ជាប់ប័ណ្ណទូទាត់វីសាដែលមានស្រាប់របស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដោយមិនប្រើសាច់ប្រាក់បានកាន់តែងាយស្រួលតាមរយៈការស្កេនខេអេចហ្សូអរកូត។ មុខងារនេះ នឹងចូលរួមចំណែកបង្កើនប្រសិទ្ធភាពប្រតិបត្តិការកាត់បន្ថយតម្រូវការសាច់ប្រាក់ ជារួមពង្រឹងបទពិសោធន៍ក្នុងការមកកម្សាន្ដនៅក្នុងប្រទេសកម្ពុជា។

ការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយប័ណ្ណទូទាត់អន្តរជាតិវីសានេះ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងបរិយាបន្នសង្គម។ ការណ៍នេះសរបញ្ជាក់អំពីជំហររបស់ប្រទេសកម្ពុជាក្នុងនាមជាជាតិសាសន៍ដែលមានការគិតឆ្ពោះទៅមុខ ស្របពេលដែលផ្ដល់ឱ្យភ្ញៀវទេសចរអន្តរជាតិនូវសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា"។

 

 

ទំនាក់ទំនង ៖

អង្គភាពទំនាក់ទំនង ធនាគារជាតិនៃកម្ពុជា

ទូរស័ព្ទ ៖ (៨៥៥) ២៣ ៩៩០ ១៩៦

អ៊ីម៉ែល ៖ [email protected]

បណ្ដាញសារព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ៖

www.nbc.gov.kh   www.facebook.com/nationalbankofcambodiaoffical    www.twitter.com/nbccambodia   www.instagram.com/nationalbankofcambodia   www.linkedin.com/company/national-bank-of-cambodia  www.youtube.com/channel/UC3GoCm_QGSSLjXZXvbcATfA