សេចក្តីជូនដំណឹងអំពីឯកជនភាពសម្រាប់បេក្ខជនរបស់ Visa

កាលបរិច្ឆេទចូលជាធរមាន៖ ថ្ងៃទី 24 ខែមេសា ឆ្នាំ 2026

សេចក្តីជូនដំណឹងអំពីឯកជនភាពសម្រាប់បេក្ខជន (“សេចក្តីជូនដំណឹង”) ពន្យល់អំពីរបៀបដែល Visa និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទូទាំងពិភពលោក ប្រមូល ប្រើប្រាស់ និងចែករំលែកព័ត៌មានផ្ទាល់ខ្លួន (ដូចដែលបានកំណត់ខាងក្រោម) នៅពេលដែលអ្នកត្រូវបានកំណត់អត្តសញ្ញាណថាជាបេក្ខជនដែលមានសក្តានុពលសម្រាប់មុខតំណែងការងារ និង/ឬដាក់ពាក្យសុំចូលធ្វើការនៅ Visa។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់ទូទាំងពិភពលោក Visa បំពេញតួនាទីជាច្រើន។ ក្នុងករណីដែល Visa បំពេញតួនាទីជាអ្នកគ្រប់គ្រងទិន្នន័យក្រោមច្បាប់ជាធរមាន ហើយប្រមូលព័ត៌មានដោយផ្ទាល់ពីបេក្ខជន អ្នកគ្រប់គ្រងទិន្នន័យនោះជាទូទៅគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Visa។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Visa គឺជាក្រុមហ៊ុនដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលពី Visa U.S.A. Inc. ឬក្រុមហ៊ុនមេរបស់របស់ខ្លួន Visa Inc. តាមរយៈកម្មសិទ្ធិ ឧទាហរណ៍ Visa International Service Association, Visa Worldwide Pte. Limited, Visa Canada Corporation, Visa International Servicios de Pago España, S.R.L.,Visa Europe Limited, Visa do Brasil Empreendimentos Ltda, CardinalCommerce Corporation, CyberSource Corporation និង Verifi, Inc. អ្នកគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក គឺជាអង្គភាពរបស់ Visa ដែលអ្នកបានដាក់ពាក្យសុំចូលធ្វើការ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Visa ដែលអ្នកបានដាក់ពាក្យស្នើសុំ រួមជាមួយព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង គឺមានផ្តល់ជូននៅក្នុងបញ្ជីអង្គភាពផ្លូវច្បាប់របស់ Visa របស់យើង។

និយោជិតបច្ចុប្បន្នរបស់ Visa៖ សេចក្តីជូនដំណឹងនេះអនុវត្តចំពោះការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ក្នុងនាមជាបេក្ខជនសម្រាប់តំណែងការងារណាមួយនៅ Visa។ ប្រសិនបើអ្នកជានិយោជិតបច្ចុប្បន្នរបស់ Visa សូមចូលទៅកាន់ សេចក្តីជូនដំណឹងអំពីឯកជនភាពសកលសម្រាប់និយោជិតរបស់ Visa ដែលមាននៅលើអ៊ីនត្រាណិតរបស់ Visa ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលយើងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ក្នុងបរិបទនៃការងាររបស់អ្នកជាមួយ Visa។

ព័ត៌មានផ្ទាល់ខ្លួន” សំដៅលើព័ត៌មានដែល (តែឯង ឬនៅពេលប្រើប្រាស់រួមគ្នាជាមួយព័ត៌មានផ្សេងទៀត) មានសមត្ថភាពទាក់ទងជាមួយ ឬអាចទាក់ទងដោយសមហេតុផលជាមួយបុគ្គលម្នាក់។ ព័ត៌មានផ្ទាល់ខ្លួន ក៏ជួនកាលត្រូវបានហៅថា “ទិន្នន័យផ្ទាល់ខ្លួន” ផងដែរ។

អាស្រ័យទៅលើទំនាក់ទំនងរបស់យើង និងអន្តរកម្មជាមួយអ្នក ប្រភេទនៃព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលអាចរួមបញ្ចូល៖

  • ព័ត៌មានទំនាក់ទំនង – មានឈ្មោះ ឈ្មោះអ្នកប្រើប្រាស់ អាសយដ្ឋានប្រៃសណីយ៍ អាសយដ្ឋានអ៊ីមែល លេខទូរសព្ទ ឈ្មោះប្រូហ្វាល់បណ្ដាញសង្គមអាជីព និងព័ត៌មានផ្សេងទៀតដែលអ្នកផ្ដល់ឱ្យ ដើម្បីអនុញ្ញាតឱ្យយើងអាចទាក់ទងទៅកាន់អ្នកបាន។
  • ព័ត៌មានអំពីទំនាក់ទំនង – រួមមានព័ត៌មានដែលអ្នកផ្តល់ឱ្យដោយស្ម័គ្រចិត្ត ដើម្បីទទួលបានមាតិកាដែលតម្រូវតាមចំណងចំណូលចិត្តរបស់អ្នក ប្រសិនបើអ្នកជ្រើសរើសចូលរួមក្នុងសហគមន៍បេក្ខជនដែលមានសមត្ថភាពរបស់យើង ដូចជាទិន្នន័យពីប្រូហ្វាល់បណ្តាញសង្គមអាជីព និងព័ត៌មានអំពីចំណាប់អារម្មណ៍របស់អ្នក។
  • ព័ត៌មានអំពីអន្តរកម្ម – រួមមានព័ត៌មានអំពីអន្តរកម្មរបស់អ្នកជាមួយ Visa ដូចជា៖
    • ព័ត៌មានដែលត្រូវបានប្រមូល នៅពេលអ្នកចូលរួមក្នុងកម្មវិធីនានារបស់ Visa ដូចជា សហគមន៍បេក្ខជនដែលមានសមត្ថភាពរបស់ Visa ជាដើម
    • ព័ត៌មានដែលត្រូវបានប្រមូល នៅពេលអ្នកទាក់ទងមកកាន់ផ្នែកឯកជនភាពរបស់ Visa ដូចជា ក្នុងករណីដែលអ្នកទាក់ទងមកកាន់ក្រុមការងារស្វែងរកបេក្ខជនដែលមានសមត្ថភាពរបស់យើងជាដើម
    • កំណត់ត្រាអ្នកចូលមើល នៅពេលអ្នកចូលទៅកាន់ទីតាំង ឬការិយាល័យណាមួយរបស់ Visa
    • ព័ត៌មានផ្សេងទៀតដែលអ្នកផ្តល់ឱ្យយើងខ្ញុំ ដូចជាទិន្នន័យដែលបានប្រមូលសម្រាប់ការផ្ទៀងផ្ទាត់គណនីរបស់អ្នក (ឧទាហរណ៍៖ ពាក្យសម្ងាត់ ឬសំណួរសុវត្ថិភាពគណនី)
  • ព័ត៌មានជាសំឡេង និងរូបភាព – រួមមានព័ត៌មានជាសំឡេង អេឡិចត្រូនិក រូបភាព ឬព័ត៌មានស្រដៀងគ្នាដែលពាក់ព័ន្ធនឹងអន្តរកម្មរបស់អ្នកជាមួយយើង រួមមាន រូបថត (ឧទាហរណ៍៖ នៅក្នុងប្រវត្តិរូបសង្ខេបរបស់អ្នក ឬដែលបានបង្ហោះនៅលើគណនីបណ្តាញសង្គមអាជីព) រូបភាពវីដេអូ កំណត់ត្រាវីដេអូតាមកាមេរ៉ាសុវត្ថិភាព កំណត់ត្រាសំឡេងនៃការហៅទូរសព្ទ និងសារជាសំឡេង។
  • ព័ត៌មានបច្ចេកទេស និងព័ត៌មានអនឡាញ – នេះរួមបញ្ចូលព័ត៌មានទាក់ទងនឹងអន្តរកម្មរបស់អ្នកជាមួយគេហទំព័រ កម្មវិធី ឬការផ្សាយពាណិជ្ជកម្មរបស់យើង រួមទាំងអាសយដ្ឋាន IP ឧបករណ៍កំណត់អត្តសញ្ញាណ ការកំណត់ លក្ខណៈ លេខសម្គាល់ការផ្សាយពាណិជ្ជកម្ម ប្រវត្តិរុករក កំណត់ត្រាម៉ាស៊ីនមេគេហទំព័រ កំណត់ត្រាសកម្មភាពម៉ាស៊ីនមេ ពេលវេលាចុចគ្រាប់ចុច និងព័ត៌មានផ្សេងទៀតដែលប្រមូលបានដោយប្រើ Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា។
  • លេខសម្គាល់ដែលចេញដោយរដ្ឋាភិបាល – នេះរួមមាន លេខសន្តិសុខសង្គម លេខបណ្ណបើកបរ លេខលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខសម្គាល់ផ្សេងទៀតដែលចេញដោយរដ្ឋាភិបាល ដូចដែលបានអនុញ្ញាតដោយច្បាប់ជាធរមាន។
  • ព័ត៌មានទីតាំងភូមិសាស្ត្រ – នេះរួមមានព័ត៌មានទីតាំងភូមិសាស្ត្រច្បាស់លាស់ ដែលយើងអាចប្រមូលបាននៅពេលអ្នកដាក់ពាក្យសុំចូលធ្វើការនៅ Visa តាមរយៈគេហទំព័រ ឬកម្មវិធីទូរសព្ទរបស់យើង ប្រសិនបើអ្នកជ្រើសរើសអនុញ្ញាតឱ្យយើងប្រមូលព័ត៌មាននេះតាមរយៈឧបករណ៍គ្រប់គ្រងចំណូលចិត្តរបស់យើង។
  • ព័ត៌មានអាជីព និងការងារ – រួមមានព័ត៌មានពាក់ព័ន្ធនឹងអាជីព ឬការងារសម្រាប់អ្នកដាក់ពាក្យ និងបេក្ខជន រួមមានទិន្នន័យអ្នកដាក់ពាក្យ និងប្រវត្តិរូបសង្ខេប ដូចជាប្រវត្តិការសិក្សា និងប្រវត្តិការងារ ព័ត៌មានអំពីលក្ខណសម្បត្តិសម្រាប់តំណែងការងារ ដូចជាជំនាញ និងវិញ្ញាបនបត្របញ្ជាក់សមត្ថភាព ចំណាប់អារម្មណ៍ និងគោលដៅវិជ្ជាជីវៈ ព័ត៌មានដែលប្រមូលបានសម្រាប់លក្ខណសម្បត្តិរបស់និយោជិត ដូចជាឯកសារបញ្ជាក់សិទ្ធិធ្វើការ វិញ្ញាបនបត្រ ជំនាញ និងការវាយតម្លៃជំនាញដែលពាក់ព័ន្ធនឹងតំណែងការងារ និងអ្នកធានាអះអាង។ សូមចំណាំថាព័ត៌មាននេះអាចរួមមានព័ត៌មានអំពីបទល្មើស ឬការផ្ដន្ទាទោសពីបទព្រហ្មទណ្ឌ – នេះរួមមានព័ត៌មានពាក់ព័ន្ធនឹងការផ្ដន្ទាទោស ឬបទល្មើសពីមុន និងសេចក្តីថ្លែងការណ៍របស់អ្នកអំពីការផ្ដន្ទាទោស ឬបទល្មើសទាំងនោះ ដូចដែលបានអនុញ្ញាតដោយច្បាប់ជាធរមាន។
  • ព័ត៌មានអនុលោមភាព – រួមមានកំណត់ត្រាដែលត្រូវបានរក្សាទុកដើម្បីបង្ហាញពីអនុលោមភាពតាមច្បាប់ជាធរមាននៅក្នុងយុត្តាធិការមួយចំនួន ដែលអាចរួមមានកំណត់ត្រាពាក់ព័ន្ធនឹងសំណើសុំសិទ្ធិរបស់ម្ចាស់ទិន្នន័យ។

ព័ត៌មានផ្ទាល់ខ្លួនមួយចំនួននៅក្នុងប្រភេទទាំងនេះ អាចត្រូវបានចាត់ទុកថាជាព័ត៌មានផ្ទាល់ខ្លួនដែលងាយរងគ្រោះ ឬជា “ទិន្នន័យប្រភេទពិសេស” នៅក្នុងយុត្តាធិការមួយចំនួន។ ព័ត៌មានផ្ទាល់ខ្លួនបែបនេះនឹងត្រូវបានដំណើរការក្នុងកម្រិតដែលច្បាប់អនុញ្ញាតតែប៉ុណ្ណោះ សូមមើលផ្នែកដែលមានចំណងជើងថា “ហេតុអ្វីបានជាយើងប្រមូលព័ត៌មានផ្ទាល់ខ្លួន និងរបៀបដែលយើងប្រើប្រាស់វា” សម្រាប់ព័ត៌មានបន្ថែម

យើងអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនអំពីអ្នកមកពីប្រភពផ្សេងៗទៀត ដោយផ្អែកលើការទំនាក់ទំនង និងការធ្វើអន្តរកម្មរបស់យើងជាមួយអ្នក។ ប្រភពទាំងនេះអាចរួមមាន៖

  • អ្នកផ្ទាល់ ដូចជាពេលដែលអ្នកដាក់ពាក្យសុំចូលធ្វើការនៅ Visa ចុះឈ្មោះក្នុងកម្មវិធីគ្រប់គ្រងបុគ្គលិកដែលមានសមត្ថភាពរបស់ Visa ចុះឈ្មោះក្នុងសហគមន៍បេក្ខជនដែលមានសមត្ថភាព ចូលរួមព្រឹត្តិការណ៍បណ្តាញទំនាក់ទំនង ឬព្រឹត្តិការណ៍ជ្រើសរើសបុគ្គលិកនៅក្នុងបរិវេណសាលា ឬផ្តល់ចម្លើយនៃការស្ទង់មតិដល់យើង
  • កុំព្យូទ័រ ឬឧបករណ៍របស់អ្នក នៅពេលដែលអ្នកមានអន្តរកម្មជាមួយបណ្តាញ គេហទំព័រ និងកម្មវិធីរបស់យើង ឬតាមរយៈបច្ចេកវិទ្យាស្វ័យប្រវត្តិផ្សេងទៀត ដូចជាពេលដែលយើងថតការសម្ភាស (រួមទាំងកន្លែងដែលយើងប្រើប្រាស់ការចម្លងអត្ថបទនៃការសម្ភាសដោយមានជំនួយពីបញ្ញាសិប្បនិម្មិត) និងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពនៅក្នុងទីតាំងរបស់យើង
  • ភ្នាក់ងារជ្រើសរើសបុគ្គលិក
  • អ្នកផ្តល់សេវា និងភាគីទីបីដែលផ្តល់សេវាផ្ទៀងផ្ទាត់ និងការពិនិត្យតាមដានសម្រាប់យើង (ដូចជាសេចក្តីយោងរបស់អ្នក និងភាគីទីបីដែលជួយយើងក្នុងការត្រួតពិនិត្យប្រវត្តិរូប ការពិនិត្យជម្រុះ និងការស៊ើបអង្កេតផ្ទៃក្នុងនៅពេលចាំបាច់ និងស្របតាមច្បាប់ជាធរមាន) និង
  • ប្រភពដែលមានជាសាធារណៈ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានវិជ្ជាជីវៈ។

Visa ដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់បេក្ខជនដោយស្របច្បាប់ និងក្នុងកម្រិតដែលចាំបាច់សម្រាប់គោលបំណងនានាដែលបានរៀបរាប់លម្អិតនៅក្នុងតារាងខាងក្រោម

នៅក្នុងយុត្តាធិការមួយចំនួន Visa ដំណើរការទិន្នន័យប្រភេទពិសេស ដែលជួនកាលហៅថាព័ត៌មានផ្ទាល់ខ្លួនដែលងាយរងគ្រោះ ដូចដែលមានចែងក្នុងច្បាប់ស្តីពីឯកជនភាពទិន្នន័យជាធរមាន (ដូចជាព័ត៌មានអំពីដើមកំណើតជាតិសាសន៍ ឬពូជសាសន៍ ជំនឿសាសនា ឬទស្សនវិជ្ជា ព័ត៌មានសុខភាព) សម្រាប់តែគោលបំណងជាក់លាក់ប៉ុណ្ណោះ (ដូចជាពាក់ព័ន្ធនឹងកម្មវិធីអភិបាលកិច្ចសង្គម និងភាពចម្រុះរបស់យើង) និងតាមការអនុញ្ញាតផ្សេងៗពីអ្នក (ដូចជាប្រសិនបើអ្នកចូលរួមក្នុងក្រុមសហគមន៍អ្នកមានសមត្ថភាពរបស់យើង) ដោយផ្អែកលើមូលដ្ឋានច្បាប់សមស្រប ដូចដែលបានកំណត់ក្នុងតារាងខាងលើ និងតាមលក្ខខណ្ឌបន្ថែមណាមួយដូចខាងក្រោម៖

  • អ្នកបានផ្តល់ការយល់ព្រមច្បាស់លាស់ ចំពោះការដំណើរការទិន្នន័យផ្ទាល់ខ្លួនប្រភេទពិសេស និងព័ត៌មានផ្ទាល់ខ្លួនដែលងាយរងគ្រោះទាំងនោះ
  • ការដំណើរការទិន្នន័យគឺចាំបាច់សម្រាប់គោលបំណងនៃការអនុវត្តកាតព្វកិច្ចរបស់ Visa និងការការពារសិទ្ធិរបស់អ្នក នៅក្នុងវិស័យច្បាប់ការងារ ច្បាប់សន្តិសុខសង្គម និងច្បាប់ការពារសង្គម
  • ការដំណើរការទិន្នន័យគឺចាំបាច់សម្រាប់ Visa ក្នុងនាមជានិយោជក ក្នុងគោលបំណងការពារផលប្រយោជន៍ដ៏សំខាន់របស់អ្នក សម្រាប់វេជ្ជសាស្ត្របង្ការ ឬវេជ្ជសាស្ត្រការងារ សម្រាប់ការវាយតម្លៃសមត្ថភាពការងាររបស់អ្នក ការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្ត្រ ការផ្តល់ការថែទាំសុខភាព ឬសង្គម ឬការព្យាបាល ឬការគ្រប់គ្រងប្រព័ន្ធ និងសេវាថែទាំសុខភាព ឬសង្គម ឬ
  • ការដំណើរការទិន្នន័យគឺចាំបាច់សម្រាប់ការបង្កើត ការប្រើប្រាស់ ឬការការពារនូវបណ្តឹងតវ៉ាផ្លូវច្បាប់។

Visa ក៏អាចដំណើរការទិន្នន័យអំពីទណ្ឌកម្មព្រហ្មទណ្ឌ និងបទល្មើសពីមុនៗណាមួយ ដែលជាផ្នែកមួយនៃការពិនិត្យប្រវត្តិរូប ប្រសិនបើត្រូវបានអនុញ្ញាតសម្រាប់តួនាទីជាក់លាក់ ឬដោយច្បាប់ជាធរមាន។

គ្មានការសម្រេចចិត្តលើការងារណាមួយ នឹងត្រូវធ្វើឡើងដោយផ្អែកតែលើការសម្រេចចិត្តតាមប្រព័ន្ធស្វ័យប្រវត្តិនោះឡើយ។ ខណៈពេលដែល Visa អាចប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិ រួមទាំងបញ្ញាសិប្បនិម្មិត (ឧបករណ៍ AI) រាល់ការសម្រេចចិត្តក្នុងការពិនិត្យ ធ្វើសម្ភាស ការផ្តល់ការងារ ឬការបដិសេធបេក្ខជនសម្រាប់តួនាទីជាក់លាក់ណាមួយ និងរាល់ការសម្រេចចិត្តពាក់ព័ន្ធនឹងការងារទាំងអស់ គឺត្រូវបានធ្វើឡើងដោយមានការវិនិច្ឆ័យ និងការចូលរួមពីមនុស្ស។ ព័ត៌មានលម្អិតបន្ថែមអំពីរបៀបដែល Visa ប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិ រួមទាំងបញ្ញាសិប្បនិម្មិត ត្រូវបានរៀបរាប់នៅក្នុងផ្នែកនេះ និងផ្នែកដែលមានចំណងជើងថា “ហេតុអ្វីបានជាយើងប្រមូលព័ត៌មានផ្ទាល់ខ្លួន និងរបៀបដែលយើងប្រើប្រាស់វា។”

អ្នកអាចទាក់ទងមកកាន់ផ្នែកឯកជនភាពរបស់ Visa បាន ដោយប្រើប្រាស់ព័ត៌មានលម្អិតនៅក្នុងផ្នែក “របៀបទាក់ទងផ្នែកឯកជនភាពរបស់ Visa” ដើម្បីស្នើសុំព័ត៌មានបន្ថែមអំពីរបៀបដែលអ្នកជ្រើសរើសបុគ្គលិករបស់យើង ធ្វើការសម្រេចចិត្តលើពាក្យសុំការងាររបស់អ្នក។ អ្នកក៏អាចប្រើប្រាស់សិទ្ធិឯកជនភាពរបស់អ្នក ពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបានគ្រប់ពេល ដូចដែលបានរៀបរាប់នៅក្នុងផ្នែកដែលមានចំណងជើងថា “សិទ្ធិឯកជនភាពរបស់អ្នក” ខាងក្រោមបានផងដែរ។

សេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ឧបករណ៍ AI ក្នុងការជ្រើសរើសបុគ្គលិក

ដើម្បីគាំទ្រដល់អ្នកជ្រើសរើសបុគ្គលិករបស់យើង និងបង្កើនប្រសិទ្ធភាពការងារ យើងអាចនឹងប្រើប្រាស់ឧបករណ៍ប្រើបច្ចេកវិទ្យា AI មួយចំនួន ដើម្បីជួយក្នុងកិច្ចការរដ្ឋបាល និងកិច្ចការដែលពាក់ព័ន្ធនឹងផលិតភាព ក្នុងអំឡុងពេលនៃដំណើរការជ្រើសរើសបុគ្គលិក។ ឧបករណ៍ទាំងនេះត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ដំណើរការការងារ និងលើកកម្ពស់បទពិសោធរបស់បេក្ខជន។ ដូចដែលបានបញ្ជាក់ខាងលើ រាល់ការសម្រេចចិត្តជ្រើសរើសបុគ្គលិកទាំងអស់ នឹងត្រូវមានការពិនិត្យ និងការវិនិច្ឆ័យយ៉ាងម៉ត់ចត់ពីមនុស្ស។

របៀបដែលឧបករណ៍ AI អាចនឹងត្រូវយកមកប្រើប្រាស់៖

  • ដើម្បីជួយដល់អ្នកជ្រើសរើសបុគ្គលិក ក្នុងការកំណត់អត្តសញ្ញាណបេក្ខជនដែលមានបទពិសោធ និងសមត្ថភាពស្របតាមលក្ខខណ្ឌតម្រូវនៃតួនាទីនីមួយៗ
  • ដើម្បីណែនាំអំពីតួនាទីដែលសមស្រប ដោយផ្អែកលើព័ត៌មានដែលបេក្ខជនបានផ្តល់ជូន (ជំនាញ បទពិសោធ និងចំណាប់អារម្មណ៍ដែលបានបញ្ជាក់)
  • ដើម្បីណែនាំអំពីជំនាញដែលបេក្ខជនអាចនឹងមាន ដោយផ្អែកលើព័ត៌មានដែលបេក្ខជនបានផ្តល់ជូន និង/ឬ
  • ដើម្បីបង្កើនផលិតភាពរបស់អ្នកជ្រើសរើសបុគ្គលិក និងលើកកម្ពស់បទពិសោធបេក្ខជន តាមរយៈការសម្រួលដល់កិច្ចការរដ្ឋបាលឱ្យមានភាពរលូន។

ព័ត៌មានដែលឧបករណ៍ AI អាចនឹងប្រើប្រាស់៖

  • ព័ត៌មានលម្អិតដែលផ្តល់ដោយបេក្ខជនក្នុងអំឡុងពេលនៃដំណើរការដាក់ពាក្យ (ឧទាហរណ៍៖ ខ្លឹមសារក្នុងប្រវត្តិរូបសង្ខេប/CV ចម្លើយចំពោះសំណួរក្នុងពាក្យសុំ និងព័ត៌មានអំពីជំនាញ បទពិសោធ និងសមត្ថភាព) រួមទាំងប្រវត្តិការសិក្សា និងបទពិសោធវិជ្ជាជីវៈ វិញ្ញាបនបត្រ ឬលិខិតបញ្ជាក់សមត្ថភាពដែលមានចែងក្នុងសេចក្តីប្រកាសជ្រើសរើសបុគ្គលិក និងតម្រូវការជាក់លាក់នៃតួនាទីដែលបានរៀបរាប់នៅក្នុងការស្នើសុំបុគ្គលិក។
  • ឧបករណ៍ AI មិនប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលងាយរងគ្រោះ ឬលក្ខណសម្បត្តិដែលត្រូវបានការពារឡើយ។

ដោយសារប្រតិបត្តិការរបស់ Visa មានលក្ខណៈជាសកល Visa អាចនឹងបង្ហាញព័ត៌មានផ្ទាល់ខ្លួនទៅកាន់អ្នកទទួលនៅក្នុងប្រទេសផ្សេងៗទៀត ដូចដែលមានរាយនាមខាងក្រោម៖

  • ទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតរបស់ Visa ដែលនឹងចាត់ចែងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងនេះ
  • ទៅកាន់អ្នកផ្តល់សេវាកម្មតីតីភាគីរបស់យើង (រួមទាំងភ្នាក់ងារត្រួតពិនិត្យប្រវត្តិរូប) អ្នកដំណើរការទិន្នន័យ និងអ្នកម៉ៅការបន្ត។ Visa ចងកាតព្វកិច្ចតាមរយៈកិច្ចសន្យាជាមួយតីតីភាគី ដើម្បីធានាឱ្យមានការការពារព័ត៌មានផ្ទាល់ខ្លួនឱ្យបានសមស្រប។
  • នៅពេលដែលច្បាប់ច្បាប់តម្រូវឱ្យធ្វើដូច្នេះ ដូចជាការផ្តល់ជូនទៅកាន់ភ្នាក់ងារអនុវត្តច្បាប់ ស្ថាប័នរដ្ឋាភិបាល និយតករ និងតុលាការនៅក្នុងប្រទេសនានាដែលយើងប្រតិបត្តិការ
  • នៅពេលដែលច្បាប់អនុញ្ញាត ដូចជាករណីដែលយើងលក់ ឬផ្ទេរទ្រព្យសម្បត្តិអាជីវកម្ម ការអនុវត្តកិច្ចសន្យារបស់យើង ការការពារទ្រព្យសម្បត្តិ ឬសិទ្ធិ សុវត្ថិភាពរបស់បុគ្គលដទៃ
  • ផ្តល់ជូនផ្អែកតាមតម្រូវការចាំបាច់ ជូនដល់បុគ្គលិករបស់ Visa និងទីប្រឹក្សាច្បាប់ខាងក្រៅសម្រាប់ការធ្វើសវនកម្ម ការត្រួតពិនិត្យអនុលោមភាព និងអភិបាលកិច្ចសាជីវកម្ម និង
  • ទៅកាន់ភ្នាក់ងារជ្រើសរើសបុគ្គលិក និងអ្នកធានាអះអាងរបស់អ្នក។

Visa ប្រើប្រាស់ឧបករណ៍អនឡាញផ្សេងៗគ្នា ដើម្បីប្រកបកិច្ចការជាមួយបេក្ខជនដាក់ពាក្យ និងបេក្ខជនទូទៅ។ ដើម្បីស្វែងយល់បន្ថែមអំពីការអនុវត្តឯកជនភាពតាមប្រព័ន្ធអ៊ីនធឺណិតរបស់យើង សូមពិនិត្យមើល សេចក្តីជូនដំណឹងអំពីឯកជនភាពជាសកលរបស់ Visa និង សេចក្តីជូនដំណឹងអំពី Cookie របស់ Visa

យើងគោរពសិទ្ធិឯកជនភាពរបស់អ្នក ស្របតាមច្បាប់ឯកជនភាពទិន្នន័យជាធរមាន។ អាស្រ័យលើដែនសមត្ថកិច្ចរបស់អ្នក អ្នកអាចមានសិទ្ធិដូចខាងក្រោម៖

  • សិទ្ធិក្នុងការចូលប្រើប្រាស់៖ អ្នកអាចមានសិទ្ធិទទួលបានការបញ្ជាក់អំពីវត្តមាន ឬអវត្តមាននៃការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងទទួលបានច្បាប់ចម្លងនៃព័ត៌មានផ្ទាល់ខ្លួនទាំងនោះ។
  • សិទ្ធិក្នុងការកែតម្រូវ៖ អ្នកអាចមានសិទ្ធិស្នើសុំឱ្យយើងកែតម្រូវចំណុចមិនត្រឹមត្រូវនៅក្នុងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬស្នើសុំឱ្យយើងបំពេញព័ត៌មាននោះឱ្យបានពេញលេញ។
  • សិទ្ធិក្នុងការលុបចោល៖ អ្នកអាចមានសិទ្ធិស្នើសុំឱ្យយើងលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចោល នៅក្នុងករណីដូចខាងក្រោម៖
    • នៅពេលដែលព័ត៌មានទាំងនោះ លែងចាំបាច់សម្រាប់គោលបំណងដែលវាត្រូវបានប្រមូលមកទៀតហើយ
    • នៅពេលដែលអ្នកបានដកការយល់ព្រមរបស់អ្នកវិញ
    • បន្ទាប់ពីអ្នកបានប្រើប្រាស់សិទ្ធិក្នុងការជំទាស់របស់អ្នក
    • ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានដំណើរការដោយខុសច្បាប់ ឬ
    • ដើម្បីអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់។
Visa មិនមានកាតព្វកិច្ចត្រូវអនុវត្តតាមសំណើសុំលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនោះទេ ជាពិសេសប្រសិនបើការដំណើរការទិន្នន័យនោះ គឺចាំបាច់សម្រាប់ការអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់ ឬសម្រាប់ការបង្កើត ការប្រើប្រាស់ ឬការការពារនូវបណ្តឹងតវ៉ាផ្លូវច្បាប់។
  • សិទ្ធិក្នុងការរឹតបន្តឹង៖ អ្នកអាចមានសិទ្ធិស្នើសុំឱ្យយើងរឹតបន្តឹងការដំណើរការនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក (មានន័យថា រក្សាទុកព័ត៌មាននោះដោយមិនប្រើប្រាស់វា) នៅពេលដែល៖
    • ភាពត្រឹមត្រូវនៃព័ត៌មាននោះត្រូវបានជំទាស់
    • ការដំណើរការព័ត៌មាននោះគឺខុសច្បាប់ ប៉ុន្តែអ្នកមិនចង់ឱ្យលុបព័ត៌មាននោះចោលឡើយ
    • ព័ត៌មាននោះនៅតែចាំបាច់សម្រាប់ការបង្កើត ការប្រើប្រាស់ ឬការការពារនូវបណ្តឹងតវ៉ាផ្លូវច្បាប់
    • យើងត្រូវផ្ទៀងផ្ទាត់អំពីអត្ថិភាពនៃហេតុផលដ៏មានទម្ងន់ ពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិក្នុងការជំទាស់របស់អ្នក។

យើងអាចនឹងបន្តប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក បន្ទាប់ពីមានសំណើសុំរឹតបន្តឹង (i) ដោយមានការយល់ព្រមពីអ្នក ឬ (ii) សម្រាប់ការបង្កើត ការប្រើប្រាស់ ឬការការពារនូវបណ្តឹងតវ៉ាផ្លូវច្បាប់ ឬ (iii) ដើម្បីការពារសិទ្ធិរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលផ្សេងទៀត។

  • សិទ្ធិក្នុងការផ្ទេរទិន្នន័យ៖ អ្នកអាចមានសិទ្ធិស្នើសុំឱ្យយើងផ្តល់ជូនអ្នកនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ក្នុងទម្រង់ដែលមានរចនាសម្ព័ន្ធ ច្បាស់លាស់ ប្រើប្រាស់ជាទូទៅ និងអាចអានបានដោយម៉ាស៊ីន ឬអ្នកអាចស្នើសុំឱ្យបញ្ជូនព័ត៌មាននោះដោយផ្ទាល់ទៅកាន់អ្នកគ្រប់គ្រងទិន្នន័យផ្សេងទៀត ប៉ុន្តែលុះត្រាតែការដំណើរការនោះផ្អែកលើការយល់ព្រមរបស់អ្នក ឬការអនុវត្តកិច្ចសន្យាជាមួយអ្នក ហើយការដំណើរការនោះត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិ។
  • សិទ្ធិក្នុងការដកការយល់ព្រម៖ អ្នកអាចដកការយល់ព្រមរបស់អ្នកក្នុងការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបានគ្រប់ពេល ប្រសិនបើការដំណើរការនោះផ្អែកលើការយល់ព្រមរបស់អ្នក ដោយមិនប៉ះពាល់ដល់ភាពស្របច្បាប់នៃការដំណើរការ ដែលបានអនុវត្តមុនពេលការដកការយល់ព្រមរបស់អ្នកឡើយ។ ក្នុងករណីដែលអ្នកបានចុះឈ្មោះដើម្បីទទួលបានការជូនដំណឹងពាក់ព័ន្ធនឹងបណ្តាញបេក្ខជនដែលមានសមត្ថភាពរបស់ Visa អ្នកអាចឈប់ជាវបាន តាមរយៈការចូលទៅកាន់តំណ ដែលមាននៅក្នុងការជូនដំណឹងទាំងនោះ។
  • សិទ្ធិក្នុងការជំទាស់៖ ក្នុងករណីដែលយើងផ្អែកលើផលប្រយោជន៍ស្របច្បាប់របស់យើង ដើម្បីដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកមានសិទ្ធិក្នុងការជំទាស់នឹងការដំណើរការនោះ។ ក្នុងករណីបែបនេះ យើងត្រូវតែបញ្ឈប់ការដំណើរការនោះ លើកលែងតែយើងអាចបង្ហាញពីមូលដ្ឋានស្របច្បាប់សម្រាប់ការដំណើរការ ដែលមានអាទិភាពលើផលប្រយោជន៍ សិទ្ធិ និងសេរីភាពរបស់អ្នក ឬក្នុងករណីដែលយើងត្រូវការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក សម្រាប់ការបង្កើត ការអនុវត្ត ឬការការពារបណ្តឹងតាមផ្លូវច្បាប់។

អ្នកក៏អាចទាក់ទងទៅកាន់មន្ត្រីការពារទិន្នន័យដែលពាក់ព័ន្ធផងដែរ ដោយប្រើប្រាស់ព័ត៌មានទំនាក់ទំនងនៅក្នុងផ្នែកដែលមានចំណងជើងថា “របៀបទាក់ទងមកកាន់ផ្នែកឯកជនភាពរបស់ Visa”។ ប្រសិនបើអ្នកមានកង្វល់ណាមួយអំពីរបៀបដែល Visa ដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អ្នកក៏អាចមានសិទ្ធិដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរការពារទិន្នន័យក្នុងតំបន់របស់អ្នកផងដែរ។ យើងលើកទឹកចិត្តឱ្យអ្នកទាក់ទងមកកាន់ផ្នែកឯកជនភាពរបស់ Visa ជាមុនសិន តាមរយៈអ៊ីមែល[email protected] ដើម្បីឱ្យយើងអាចដោះស្រាយកង្វល់របស់អ្នកបានដោយផ្ទាល់។ ព័ត៌មានលម្អិតអំពីទំនាក់ទំនងរបស់អាជ្ញាធរការពារទិន្នន័យ គឺមាននៅទីនេះសម្រាប់តំបន់ EEA សម្រាប់ ចក្រភពអង់គ្លេស និងសម្រាប់ ប្រទេសស៊្វីស

Visa មិនមានការ “លក់” ឬ “ចែករំលែក” ព័ត៌មានផ្ទាល់ខ្លួនរបស់បេក្ខជន ដូចដែលពាក្យទាំងនេះត្រូវបានកំណត់និយមន័យនៅក្រោមច្បាប់នៃរដ្ឋ California ឡើយ (រួមទាំងច្បាប់ស្តីពីឯកជនភាពអ្នកប្រើប្រាស់រដ្ឋ California ដែលត្រូវបានធ្វើវិសោធនកម្មដោយច្បាប់សិទ្ធិឯកជនភាពរដ្ឋ California)។ ការ “ចែករំលែក” រួមបញ្ចូលទាំងការបង្ហាញព័ត៌មានសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផ្អែកលើឥរិយាបថដែលឆ្លងកាត់ប្រភពទិន្នន័យខុសគ្នា។ Visa ក៏មិនប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់បេក្ខជន សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផ្អែកលើឥរិយាបថដែលឆ្លងកាត់ប្រភពទិន្នន័យខុសគ្នាឡើយ។

ដោយសារ Visa មិនលក់ ឬចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់បេក្ខជន ដូច្នេះសិទ្ធិក្នុងការបដិសេធមិនឱ្យមានការលក់ ឬការចែករំលែក គឺមិនត្រូវបានអនុវត្តចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់បេក្ខជនឡើយ។

អ្នកអាចស្វែងយល់បន្ថែម និងប្រើប្រាស់សិទ្ធិឯកជនភាពរបស់អ្នកនៅក្រោមច្បាប់ដែលពាក់ព័ន្ធ ដោយចូលទៅកាន់ប្រូហ្វាល់គណនីរបស់អ្នកនៅក្នុងប្រព័ន្ធតាមដានបេក្ខជនរបស់យើង ឬដោយចូលទៅកាន់ ផតថលសិទ្ធិឯកជនភាពរបស់យើង។

សេចក្ដីជូនដំណឹងអំពីឯកជនភាពបន្ថែម៖ អ្នករស់នៅក្នុងរដ្ឋ ឬប្រទេសមួយចំនួនមានសិទ្ធិឯកជនភាពបន្ថែម។ ព័ត៌មានអំពីសិទ្ធិទាំងនេះ ត្រូវបានផ្តល់ជូននៅក្នុងសេចក្តីជូនដំណឹងអំពីឯកជនភាពបន្ថែម ដែលត្រូវបានដាក់នៅផ្នែកខាងក្រោមនៃ សេចក្តីជូនដំណឹងអំពីឯកជនភាពជាសកលរបស់ Visa។

Visa មានទីតាំងនៅសហរដ្ឋអាមេរិក និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធ និងអ្នកផ្តល់សេវានៅជុំវិញពិភពលោក។ Visa អាចផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅប្រទេសផ្សេងទៀត រួមទាំងប្រទេសដែលមិនមានឯកជនភាព ឬច្បាប់ការពារទិន្នន័យស្រដៀងគ្នាទៅនឹងប្រទេសដើមកំណើតរបស់អ្នកឡើយ។ យើងអាចផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់មជ្ឈមណ្ឌលទិន្នន័យគោលរបស់យើងនៅសហរដ្ឋអាមេរិក ក៏ដូចជាមជ្ឈមណ្ឌលទិន្នន័យផ្សេងទៀតរបស់យើង ដូចជាមជ្ឈមណ្ឌលទិន្នន័យរបស់យើងនៅអឺរ៉ុប ឬមជ្ឈមណ្ឌលទិន្នន័យក្នុងស្រុកនៅក្នុងប្រទេសរបស់អ្នកដែលអាចអនុវត្តបាន។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជានិច្ច ដូចដែលបានរៀបរាប់នៅក្នុងសេចក្តីជូនដំណឹងនេះ ទោះបីជាព័ត៌មាននោះត្រូវបានរក្សាទុកនៅទីណាក៏ដោយ ហើយនឹងផ្ទេរវាស្របតាមតម្រូវការផ្លូវច្បាប់ជាធរមានសម្រាប់ការផ្ទេរព័ត៌មានផ្ទាល់ខ្លួនឆ្លងដែន។

រាល់ពេលដែលយើងផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចេញពីតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) ប្រទេសស៊្វីស ឬចក្រភពអង់គ្លេស យើងចាត់វិធានការនានា ដើម្បីធានាថាការផ្ទេរទាំងនោះត្រូវបានអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចនឹងត្រូវផ្ទេរទៅកាន់ប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីការសម្រេចចិត្តអំពីភាពសមស្រប (មានន័យថា ប្រទេសដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មការអឺរ៉ុបថាបានផ្តល់នូវកម្រិតការពារសមស្របសម្រាប់ព័ត៌មានផ្ទាល់ខ្លួន)។ ប្រសិនបើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានផ្ទេរទៅកាន់ប្រទេសដែលមិនទទួលបានអត្ថប្រយោជន៍ពីការសម្រេចចិត្តអំពីភាពសមស្រប (ឧទាហរណ៍៖ ទៅកាន់សហរដ្ឋអាមេរិក) និងជាប្រទេសដែលត្រូវបានចាត់ទុកថាផ្តល់កម្រិតការពារមិនស្មើនឹងតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) ប្រទេសស៊្វីស ឬចក្រភពអង់គ្លេស Visa នឹងធានាថា ការផ្ទេរទាំងនោះត្រូវបានធ្វើឡើងក្រោមវិធានការការពារសមស្របតាមតម្រូវការនៃច្បាប់ឯកជនភាពទិន្នន័យជាធរមាន ជាពិសេសគឺតាមរយៈ ខកិច្ចសន្យាស្តង់ដា ដែលត្រូវបានអនុម័តដោយគណៈកម្មការអឺរ៉ុប ហើយវិធានការការពារសមស្របទាំងនេះនឹងត្រូវបន្ថែមនូវវិធានការផ្នែកកិច្ចសន្យា បច្ចេកទេស និងអង្គភាពបន្ថែមទៀតតាមការចាំបាច់។

សូមទាក់ទងមកកាន់ផ្នែកឯកជនភាពរបស់ Visa ដោយប្រើប្រាស់ព័ត៌មានលម្អិតដែលមាននៅក្នុងផ្នែកចុងក្រោយ ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានបន្ថែមអំពីការផ្ទេរឆ្លងដែន ឬដើម្បីទទួលបានច្បាប់ចម្លងនៃខកិច្ចសន្យាស្តង់ដា។

យើងប្រើការការពារសុវត្ថិភាពផ្នែករូបសាស្រ្ត បច្ចេកទេស និងការរៀបចំដើម្បីជួយការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីការចូលប្រើដោយគ្មានការអនុញ្ញាត ឬ​ការ​បាត់បង់។ ឧទាហរណ៍ យើងខ្ញុំប្រើការបម្លែងកូដ និងឧបករណ៍ផ្សេងទៀតដើម្បីការពារព័ត៌មានរស៊ើប។

យើងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមរយៈពេលដែលចាំបាច់ ដើម្បីបំពេញគោលបំណងដែលបានរៀបរាប់ក្នុងសេចក្តីជូនដំណឹងនេះ លើកលែងតែមានការទាមទារ ឬអនុញ្ញាតដោយច្បាប់ឱ្យរក្សាទុករយៈពេលវែងជាងនេះ។ នៅពេលកំណត់រយៈពេលរក្សាទុក Visa ពិចារណាលើលក្ខណៈវិនិច្ឆ័យដូចជា គោលបំណងនៃការដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក តម្រូវការផ្នែកច្បាប់ និងបទប្បញ្ញត្តិ តម្រូវការអាជីវកម្ម ឬតាមដែលចាំបាច់សម្រាប់ការគ្រប់គ្រងការទាមទារតាមផ្លូវច្បាប់ ឬនីតិវិធីតុលាការ។ រយៈពេលរក្សាទុកទាំងនេះ អាចខុសគ្នាអាស្រ័យលើយុត្តាធិការរបស់អ្នក ហើយត្រូវបានបញ្ចូលនៅក្នុងគោលការណ៍រក្សាទុករបស់ Visa ដែលបានបង្កើតឡើងស្របតាមតម្រូវការផ្លូវច្បាប់ក្នុងតំបន់នីមួយៗ។ សម្រាប់ព័ត៌មានបន្ថែមអំពីរយៈពេលរក្សាទុកដែលអនុវត្ត សូមផ្ញើសំណួរទៅកាន់[email protected]

សេចក្តីជូនដំណឹងនេះពន្យល់អំពីរបៀបដែល Visa និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រផ្សេងៗដែលអាចចូលប្រើតាមរយៈគេហទំព័ររបស់ Visa ឬដែលអាចបង្ហាញការប្រកាសការងាររបស់ Visa ក៏មានគោលការណ៍ឯកជនភាពផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ យើងខ្ញុំលើកទឹកចិត្តឱ្យអ្នកអានការជូនដំណឹងស្តីពីឯកជនភាពដែលផ្តល់ដោយគេហទំព័រទាំងនេះ មុនពេលដែលអ្នកផ្តល់ព័ត៌មានរបស់​អ្នកដល់ពួកគេ។

យើងអាចធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណឹងនេះជាប្រចាំ។ ដូច្នេះ យើងលើកទឹកចិត្តឱ្យអ្នកពិនិត្យមើលសេចក្តីជូនដំណឹងនេះជាប្រចាំ ដើម្បីឱ្យអ្នកបានដឹងយ៉ាងពេញលេញអំពីការផ្លាស់ប្តូរ ឬការធ្វើបច្ចុប្បន្នភាពណាមួយ។ យើងនឹងបង្ហោះសារជូនដំណឹងតាមអនឡាញបើមានការផ្លាស់ប្តូរដែលសំខាន់។ ប្រសិនបើការផ្លាស់ប្តូរនោះមានឥទ្ធិពលយ៉ាងសំខាន់លើរបៀបដែលយើងប្រើប្រាស់ ព័ត៌មានផ្ទាល់ខ្លួន ដែលយើងបានប្រមូលរួចហើយ យើងនឹងជូនដំណឹងដល់អ្នកផងដែរ។

សំណួរនានាពាក់ព័ន្ធនឹងសេចក្តីជូនដំណឹងនេះ ឬអំពីរបៀបដែលវាអនុវត្តចំពោះអ្នក គួរតែត្រូវបានផ្ញើទៅកាន់មន្ត្រីការពារទិន្នន័យ ដែលពាក់ព័ន្ធនៅក្នុង Visa តាមរយៈការដាក់បញ្ជូនសំណួរទៅកាន់ [email protected]