សូមអរគុណសម្រាប់ចំណាប់អារម្មណ៍របស់លោកអ្នកក្នុងការស្នើសុំឲ្យ Visa Inc. ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយើងពិនិត្យឡើងវិញទៅលើការប្រើប្រាស់ប៉ាតង់មួយឬច្រើន ដែលលោកអ្នកអះអាងថាជាម្ចាស់កម្មសិទ្ធិ។ មុននឹង Visa ធ្វើការពិនិត្យឡើងវិញទៅលើការប្រើប្រាស់ប៉ាតង់មួយឬច្រើន នោះ Visa តម្រូវឲ្យលោកអ្នកយល់ព្រមតាមខ និងលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងនេះ។
ខ និងលក្ខខណ្ឌ
សូមអានខទាំងនេះដោយប្រុងប្រយ័ត្នមុននឹងបន្ត
គោលនយោបាយនេះចៀសវាងនូវលទ្ធភាពយល់ច្រឡំ ឬជម្លោះនៅពេលដែលផលិតផល ឬយុទ្ធសាស្ត្រទីផ្សាររបស់ Visa អាចមានលក្ខណៈស្រដៀងគ្នាទៅនឹងគំនិត ឬទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញាដែលបានដាក់ស្នើមកកាន់ Visa ។ បើសិនជាលោកអ្នកនៅតែដាក់ស្នើ ថ្វីត្បិតតែសំណើរបស់យើងសុំមិនឲ្យលោកអ្នកផ្ញើកម្មសិទ្ធិបញ្ញារបស់លោកអ្នក នោះខខាងក្រោមត្រូវអនុវត្ត និងគ្រប់គ្រងលើការដាក់ស្នើរបស់លោកអ្នក។
លោកអ្នកត្រូវបានលើកទឹកចិត្តឲ្យស្វែងរកដំបូន្មានពីមេធាវីដែលមានសមត្ថកិច្ច មុននឹងយល់ព្រមតាមខ និងលក្ខខណ្ឌទាំងនេះ។ តាមរយៈការចុះហត្ថលេខាអមនៅលើលិខិតខាងក្រោមនេះ លោកអ្នកនឹងបង្កើតកិច្ចសន្យាមួយដែលលោកអ្នកត្រូវបានចងភ្ជាប់តាមផ្លូវច្បាប់។
ការដាក់ស្នើទាំងអស់គួរតែជាភាសាអង់គ្លេស។
[1] ដោយធ្វើការដាក់ស្នើឱកាសប៉ាតង់មកកាន់ Visa, Inc. ("ការដាក់ស្នើ") លោកអ្នក និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់លោកអ្នក («លោកអ្នក» «របស់លោកអ្នក» «ខ្លួនលោកអ្នក» ឬ «អ្នកដាក់ស្នើ») ចង់ឲ្យ Visa, Inc. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ («យើង» «យើងខ្ញុំ» ឬ «របស់យើង») វាយតម្លៃទៅលើការដាក់ស្នើសម្រាប់សក្តានុពលប្រតិបត្តិការប៉ាតង់ជាមួយលោកអ្នក ហើយលោកអ្នកយល់ព្រមតាមខដែលមានស្រាប់នេះ។
[2] លោកអ្នកបង្ហាញថា លោកអ្នកមានសិទ្ធិផ្តល់អាជ្ញាប័ណ្ណប៉ាតង់ពេញលេញទៅកាន់ Visa សម្រាប់គ្រប់ប្រតិបត្តិការ ផលិតផល និងសេវាកម្មទាំងអស់របស់ Visa ពីព្រោះលោកអ្នកជាម្ចាស់កម្មសិទ្ធិប៉ាតង់ ឬលោកអ្នកបានទទួលអាជ្ញាប័ណ្ណប៉ាតង់ផ្តាច់មុខពីបុគ្គលដទៃ និងមានសិទ្ធិផ្តល់អាជ្ញាប័ណ្ណបន្ត។ បើសិនជាលោកអ្នកបានផ្តល់អាជ្ញាប័ណ្ណប៉ាតង់ផ្តាច់មុខទៅឲ្យភាគីផ្សេងទៀតណាមួយនៅក្នុងផ្នែកដែលអាចជាចំណាប់អារម្មណ៍របស់ Visa នោះភាគីផ្សេងទៀតក៏អាចត្រូវបានតម្រូវឲ្យយល់ព្រមតាមខនៅក្នុងកិច្ចព្រមព្រៀងលិខិតនេះ មុននឹង Visa ស្ម័គ្រចិត្តពិនិត្យប៉ាតង់ឡើងវិញ។
[3] លោកអ្នកយល់ព្រមថា យើងនឹងមិនត្រូវបានតម្រូវឲ្យចាត់ទុកផ្នែកណាមួយនៃការដាក់ស្នើ (ដោយរាប់បញ្ចូល តែមិនដាក់កម្រិតលើការប្រើប្រាស់ប៉ាតង់ដែលមិនទាន់ចេញផ្សាយ) ថាជាការសម្ងាត់ ឬត្រូវបានការពារដោយកម្មសិទ្ធិបញ្ញាឡើយ។
[4] ការដាក់ស្នើ និងចំណេះដឹងរបស់យើងដែលកើតឡើងចេញពីការដាក់ស្នើ នឹងមិនបង្កើតជាការជូនដំណឹងចំពោះ ឬចំណេះដឹងរបស់យើងអំពីប៉ាតង់ ឬការអះអាងពីការរំលោភបំពានលើប៉ាតង់ក្នុងគោលបំណងណាមួយ ដោយរាប់បញ្ចូលតែមិនដាក់កម្រិតចំពោះ ការអះអាងដោយលោកអ្នកអំពីការរំលោភបំពានដោយចេតនា ឬការបង្កអោយមានការបំពាន ឬការរួមចំណែកដល់ការបំពាន ឬការខូចខាតដែលបានកើតឡើងនានា ឬការជូនដំណឹងអំពីការរំលោភបំពានក្រោមច្បាប់ជាធរមានរបស់សហរដ្ឋអាមេរិក ឬបទបញ្ជា ឬច្បាប់ ឬបទបញ្ញត្តិមិនមែនរបស់សហរដ្ឋអាមេរិកដែលប្រហាក់ប្រហែល។ លោកអ្នកនឹងមិនប្រើប្រាស់ ហើយលោកអ្នកដកហូតសិទ្ធិប្រើប្រាស់ឯកសារដែលទាក់ទងនឹងការដាក់ស្នើ និងការពិចារណា ឬការវិភាគនានាដោយយើងខ្ញុំ ទៅលើឯកសារដែលទាក់ទងនឹងការដាក់ស្នើ នៅក្នុងចំណាត់ការតុលាការ រដ្ឋបាល ឬចំណាត់ការផ្សេងៗទៀត ជាភស្តុតាង ក្នុងគោលបំណាងណាមួយ ដោយរាប់បញ្ចូលទាំងជាភស្តុតាង ឬដើម្បីគាំទ្រការបង្ហាញ ឬការបង្កើត ការជូនដំណឹងបែបនោះឬចំណេះដឹងក្រោមច្បាប់ជាធរមាន។ លោកអ្នក ឬម្ចាស់បន្តនៃប៉ាតង់អាចផ្ញើការជូនដំណឹងជាលាយលក្ខណ៍អក្សរមកយើងបានគ្រប់ពេលវេលា ដើម្បីបញ្ចប់ការចរចារ ឬការពិភាក្សាណាមួយ ដែលបានចាប់ផ្តើមទាក់ទងនឹងការដាក់ស្នើ ("ការបញ្ចប់")។ បន្ទាប់ពីបញ្ចប់ ខដែលមានចែងនៅក្នុងកឋាខណ្ឌនេះនឹងនៅតែមានសុពលភាព ប៉ុន្តែសម្រាប់តែការដាក់ស្នើប៉ុណ្ណោះ។
[5] លោកអ្នកទទួលស្គាល់ថា (i) គ្មានភាគីណាមួយមានកាតព្វកិច្ចចូលរួមជាមួយប្រតិបត្តិការអាជីវកម្ម ដែលជាលទ្ធផលនៃការដាក់ស្នើ ឬលិខិតនេះឡើយ (ii) យើងខ្ញុំមិនមានកាតព្វកិច្ចត្រួតពិនិត្យឡើងវិញ ឬពិចារណាការដាក់ស្នើឡើយ និង (iii) គ្មានភាគីណាមួយទទួលបានសិទ្ធិកម្មសិទ្ធិបញ្ញាណាមួយក្រោមកិច្ចព្រមព្រៀងក្នុងលិខិតនេះឡើយ។ កិច្ចព្រមព្រៀងក្នុងលិខិតនេះមិនបង្កើតជាទំនាក់ទំនងភ្នាក់ងារ ឬភាពជាដៃគូណាមួយឡើយ។ កិច្ចព្រមព្រៀងក្នុងលិខិតនេះមិនអាចកំណត់ ឬផ្ទេរបានដោយភាគីណាមួយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីភាគីម្ខាងទៀតឡើយ។ ការធ្វើវិសោធនកម្ម ឬការកែប្រែទៅលើកិច្ចព្រមព្រៀងនេះត្រូវតែមានចុះហត្ថលេខាដោយភាគីទាំងពីរ។ ការបរាជ័យក្នុងការអនុវត្តតាមខនៃកិច្ចព្រមព្រៀងនេះនឹងមិនបង្កើតឲ្យមានការបដិសេធចោលចំពោះខដទៃទៀតនៃកិច្ចព្រមព្រៀងនេះឡើយ។ កិច្ចព្រមព្រៀងនេះត្រូវបានដឹកនាំដោយច្បាប់របស់រដ្ឋ California ដោយមិនមានយោង ឬការអនុវត្តនៃជម្រើសរបស់ខ្លួនលើគោលការណ៍ច្បាប់ណាឡើយ។ កិច្ចព្រមព្រៀងក្នុងលិខិតនេះគឺជាការយោគយល់ទាំងស្រុង និងជាកិច្ចព្រមព្រៀងរវាងលោកអ្នក និងយើងខ្ញុំ និងជំនួសឲ្យកិច្ចព្រមព្រៀងពីមុន និងកើតឡើងក្នុងពេលជាមួយគ្នាផ្សេងៗទៀតទាំងអស់។ លោកអ្នកយល់ព្រមថាគ្មានការតំណាង ឬការធានាណាមួយ ត្រូវបានធ្វើឡើងដល់លោកអ្នក ឬដោយយើង ក្នុងទំនាក់ទំនងជាមួយកិច្ចព្រមព្រៀងក្នុងលិខិតនេះឡើយ។
[6] និយមន័យ។ "ឯកសារដែលទាក់ទងនឹងការដាក់ស្នើ" មានន័យថា (ក) ការដាក់ស្នើ និងព័ត៌មានផ្សេងៗទៀត ដែលលោកអ្នកផ្តល់ឲ្យជាផ្នែកនៃការដាក់ស្នើរបស់លោកអ្នក (ខ) ការដាក់ស្នើពីមុន បន្តបន្ទាប់ ការឆ្លើយឆ្លង ការចរចារ ឬការពិភាក្សារវាងលោកអ្នក និងយើងទាក់ទងទៅនឹងការដាក់ស្នើមុនពេលបញ្ចប់ និង (គ) ចំណេះដឹងរបស់យើងអំពី និងការត្រួតពិនិត្យឡើងវិញដោយឯករាជ្យទៅលើព័ត៌មានដែលទាក់ទងទៅនឹងការដាក់ស្នើ។